ព័ត៌មាន | What's News

សិក្ខាសាលាបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០១៧ និងផែនការយុទ្ធសាស្រ្ត ២០១៨-២០២២ របស់ គ្រឹះស្ថាន ហ្វូតាបា មីក្រូហិរញ្ញវត្ថុ ភីអិលស៊ី

គ្រឹះស្ថាន ហ្វូតាបា មីក្រូហិរញ្ញវត្ថុ ភីអិលស៊ី បាន​រៀប​ចំ​សិក្ខា​សាលា​បូក​សរុប ​លទ្ធផល​ការ​ងារ​ប្រចាំ​ឆ្នាំ២០១៧ និង​ផែន​ការ​យុទ្ធ​សាស្រ្ត ២០១៨-២០២២​ ដែល​មាន​ការ​ចូល​រួម​ពី​គ្រប់​បុគ្គលិក​ទាំងអស់ នៃ​គ្រួសារ​ហ្វូតាបា។ គោល​បំណង​នៃ​អង្គ​សិក្ខា​សាលា​នេះ គឺ​ដើម្បី​បង្ហាញ​ពី​សមិទ្ធ​ផល​ដែល​សម្រេច​បាន​ក្នុង​ឆ្នាំ​២០១៧ ក៏​ដូច​ជា​ការ​កកើត​របស់​គ្រឹះស្ថាន ហ្វូតាបា និង​ការ​ថ្លែង​អំណរ​គុណ​ដល់​ការ​ខិត​ខំ​ប្រឹង​ប្រែង​ដល់​បុគ្គលិក​គ្រប់​លំដាប់​ថ្នាក់ ដែល​បាន​ចូល​រួម​យ៉ាង​សកម្ម​ក្នុង​ឆ្នាំ​កន្លង​ទៅ​នេះ។ សិក្ខា​សាលា​នេះ​បាន​រៀបចំ​ឡើង​នៅ​ថ្ងៃ​ទី១៦-១៧ ខែធ្នូ ឆ្នាំ២០១៧ នៅ​ខេត្ត​ព្រះសីហនុ។

លោក​បណ្ឌិត ចាប រតនា ដែល​ជា​ទីប្រឹក្សា​នាយក​ប្រតិបត្តិ បាន​មាន​ប្រសាសន៍ថា លោក​ពិត​ជា​មាន​សេក្តី​សោមនស្ស​រីក​រាយ​ណាស់ ដោយ​មើល​ឃើញ​ពី​ការ​រីក​ចម្រើន​របស់​គ្រឹះស្ថាន ហ្វូតាបា ជា​លំដាប់​តាម​រយៈ​កំណើន​នៃ​បុគ្គលិក ការ​ពង្រីក​តំបន់​ប្រតិបត្តិការ ការ​បង្កើន​ផលិតផល និង​សេវា​ហិរញ្ញ​វត្​ថុបន្ថែម ដើម្បី​អនុលោម​តាម​បេសកកម្ម និង​ទស្សន​វិស័យ​របស់ខ្លួន គឺ​ជា​​ស្ថាប័ន​​ហិរញ្ញ​​វត្ថុ​​ឈាន​​មុខ​​គេ​​ក្នុង​​ប្រទេស​​កម្ពុជា ដែល​​លើក​​ស្ទួយ​​ឲ្យ​​ល្អ​​ប្រសើរ​​នូវ​​កម្រិត​​ជីវភាព​​រស់​​នៅ​​របស់​​អតិថិជន​​នា​​ពេល​​បច្ចុប្បន្ន និង​​អ្នក​​ជំនាន់​ថ្មី ក៏​ដូច​ជា​ផ្តល់​​ជូន​​នូវ​​សេវា​កម្ម​​ហិរញ្ញ​​វត្ថុ​​ដែល​​ទុក​​ចិត្ត​​បំផុត​​ទៅ​​កាន់​​សហគ្រាស ខ្នាតមធ្យម ខ្នាតតូច ខ្នាតតូចបំផុត និង​​រូប​វន្ត​​បុគ្គល​​ដោយ​​បង្កើត​​នូវ​​ទីផ្សា​​រ​​ដែល​​មាន​​ស្ថិរ​ភាព ដើម្បី​​គាំ​​ទ្រ​​ទាំង​​អតិថិជន​​នា​​ពេល​​បច្ចុប្បន្ន និង​​អ្នក​​ជំនាន់​​ថ្មី ព្រម​​ទាំង​​ចូល​​រួម​​ក្នុង​​សកម្មភាព​​សង្គម ដើម្បី​​សម្រេច​​នូវ​​គោល​​បំណង ឬ ក្តី​​សុបិន​​របស់​​ពួក​​គាត់​​ជាមួយ​​អនាគត​ដ៏​ប្រសើរ។

លោក ព្រាប កណ្តឹង ដែល​ជា​ជំនួយ​ការ​នាយក​ប្រតិបត្តិ ក៏​បាន​បង្ហាញ​នូវ​របាយ​ការណ៍​ហិរញ្ញ​វត្ថុ​សំខាន់ៗ​មួយ​ចំនួន​ដូចជា ទិដ្ឋភាព​ទូទៅ​របស់​គ្រឹះស្ថាន ហ្វូតាបា មីក្រូ​ហិរញ្ញ​វត្ថុ ភីអិលស៊ី ជូន​ដល់​គ្រប់​បុគ្គលិក​ទាំង​អស់​បាន​ជ្រូត​ជ្រាប​អំពី​រច្ចនា​សម្ព័ន្ធ​បុគ្គលិក សុខភាព​ហិរញ្ញ​វត្ថុ និង​ផែន​កា​រ​យុទ្ធ​សាស្រ្ត​នា​ពេល​អនាគត។​​ លើស​ពី​នេះ​ទៅ​ទៀត លោក​ក៏​បាន​ចែក​រំលែក​នូវ​ចំណេះដឹង និង​បទ​ពិ​សោធន៍​មួយ​ចំនួន​ដែល​បាន​ធ្វើ​ឲ្យ​គ្រឹះស្ថាន ហ្វូតាបា មាន​ដំណើ​ការ​ល្អ​រហូត​​សម្រេច​បាន​នូវ​សមិទ្ធ​ផល​ការងារ​​ដ៏​ល្អ​ដូច​ថ្ងៃ​នេះ។ ទន្ទឹម​នឹង​នោះ​ដែរ លោក​ក៏​បាន​ផ្តាំផ្ញើ​ដល់​បុគ្គលិក​ទាំងអស់ សូម​យក​ចិត្ត​ទុក​ដាក់​បំពេញ​ការ​ងារ​បន្ថែម​ទៀត ​ដើម្បី​នាំ​នា​វា​គ្រឹះស្ថាន ហ្វូតាបា មួយ​នេះ​ឲ្យ​ទទួល​បាន​ល​ទ្ធ​ផល​ល្អ​ប្រសើរ និង​ការ​រីក​ចម្រើន​បន្ថែម​ទៀត​នា​ពេល​អនាគត។

បន្ថែម​​លើ​​នេះ​ទៀត លោក អ៊ុំ ពិសិដ្ឋ ដែល​ជា​ជំនួយ​ការ​នាយក​ប្រតិបត្តិ ក៏​បាន​សង្ខេប​នូវ​សមិទ្ធ​ផល អាជីវកម្ម​ដែល​សម្រេច​បាន​ក្នុង​ឆ្នាំ​២០១៧​ និង​ផែនការ​យុទ្ធ​សាស្រ្ត​សម្រាប់​រយៈ​ពេល​៥ឆ្នាំ ២០១៨ ដល់ ២០២២។ គិត​ត្រឹម​ថ្ងៃ​ទី៣០ ខែវិច្ឆិកា ឆ្នាំ២០១៧ មាន​បុគ្គលិក​សរុប​ចំនួន ៨៦នាក់ ស្រីចំនួន ៣៣នាក់ និង​ប្រុស​ចំនួន ៥៣នាក់ កំពុង​បម្រើ​ការ​ងារ​នៅ​ការិយា​ល័យ​កណ្តាល និង​ការិយា​ល័យ​សាខា​ចំនួន ០៤ នៃ​ខេត្ត-រាជធានី រួម​មាន សាខា​ការិយា​ល័យ​កណ្តាល សាខា​ខណ្ឌ​ទួល​គោក សាខា​ខ​ណ្ឌ​ពោធិ៍​សែន​ជ័យ និង​សាខា​ក្រុង​ច្បារមន។ ក្នុង​នោះ​អតិថិជន​ឥណទាន​សកម្ម​សរុប​មាន​ចំនួន ៥៩៥នាក់ ជាមួយ​នឹង​ផលប័ត្រ​ឥណទាន​សរុប ១០.០៣៤.៣១៤ លាន​ដុល្លារ​អាមេរិក  និង អត្រា​ហានិ​ភ័យ​ឥណទាន ០.០០% ក្រោម​ការ​គ្រប់​គ្រង​ដោយ​មន្រ្តី​ឥណទាន​ចំនួន ១៩នាក់ ដែល​មាន​ការ​កើន​ឡើង​ជា​បន្ត​បន្ទាប់​ពី​មួយ​ឆ្នាំ​ទៅ​មួយ​ឆ្នាំ អាច​បញ្ជាក់​ឱ្យ​ឃើញ​ថា​គ្រឹះស្ថាន ហ្វូតាបា បាន​និង​កំពុង​បន្ត​ដំណើរ​ការ​របស់​ខ្លួន​ប្រកប​ដោយ​វិជ្ជមាន និង​ប្រកប​ដោយ​និរន្តរ​ភាព​នា​ពេល​អនាគត​យ៉ាង​ខ្លីខាង​មុខ។ លោក​ក៏​បាន​បន្ថែម​ទៀត​ថា គ្រឹះស្ថាន ហ្វូតាបា នឹង​បន្ត​ខិត​ខំ​សម្រិត​សម្រាំង​ផ្តល់​នូវ​ផលិត​ផល និង​សេវា​កម្ម​ឲ្យ​​កាន់​តែ​ប្រសើរ​បំផុត​ជូន​ដល់​អតិថិជន​ទាំង​អស់​ក្នុង​ពេល​ខាង​មុខ​នេះ ពោល​គឺ​អតិថិជន និង​ហ្វូតាបា​មាន​ក្តី​សុបិន​រួម​គ្នា​តែ​មួយ។

ក្នុង​ឱកាស​ដ៏​មហោឡា​រិក​នេះ គណៈ​កម្មា​ធិការ​រៀប​ចំ​សិក្ខា​សាលា ក៏​បាន​រៀប​ចំ​កម្ម​វិធី​ពិសេសៗ​មួយ​ចំនួន​ដូច​ជា​ការ​ប្រគល់​ពាន​រង្វាន់​ជូន​ដល់​សាខា​ឆ្នើម ការ​ប្រគល់​លិខិត​សរសើរ​មន្ត្រី​ឥណទាន និង​បុគ្គលិក​ដែល​បម្រើ​ការ​ងារ​យូរ​ជាង​គេ ការ​ដំឡើង​មុខ​តំណែង-តួនាទី កម្ម​វិធី​ចាប់​រង្វាន់ និង​ពិសារ​អាហារ​សាមគ្គី​នៃ​គ្រួសារ​បុគ្គលិក​ហ្វូតាបា ៕