អំពីយើង | គណៈគ្រប់គ្រង

គណៈគ្រប់គ្រង

លោក អ៊ុំ ពិសិដ្ឋ បាន​ចាប់​ផ្តើម​អាជីព​ការ​ងារ​របស់​លោក​ជាមួយ ហ្វូតាបា នៅ​ចុង​ឆ្នាំ២០១៥ ក្នុង​តួនាទី​ជា​នាយក នាយក​ដ្ឋាន​ឥណទាន បន្ទាប់​មក​នៅ​ខែ​កក្កដា ឆ្នាំ២០១៦ លោក​ត្រូវ​បាន​តែង​តាំង​ជា​ជំនួយ​ការ​នាយក​ប្រតិបត្តិ ដែល​ត្រូវ​ទទួល​បន្ទុក​គ្រប់​គ្រង និង​មើល​ការ​ខុស​ត្រូវ​លើ​នាយក​ដ្ឋាន​ចំនួន​បី គឺ​នាយក​ដ្ឋាន​ឥណទាន នាយក​ដ្ឋាន​ប្រតិ​បត្តិ​ការ និង​នាយក​ដ្ឋាន​ទីផ្សារ។ លោកបាន​បញ្ចប់​ការ​សិក្សា​ថ្នាក់​បរិញ្ញា​ប័ត្រ​ផ្នែក​គ្រប់​គ្រង​ទូទៅ​នៅ​សាកល​វិទ្យាល័យ​ភូមិន្ទ​នីតិ​សាស្រ្ត និង​វិទ្យា​សាស្រ្ត​សេដ្ឋ​កិច្ច ទទួល​បាន​សញ្ញា​ប័ត្រ​ភាសា​អង់គ្លេស​ថ្នាក់ IEAP ពី​សាកល​វិទ្យា​ល័យ​បញ្ញា​សាស្រ្ត​កម្ពុជា ហើយ​បាន​ចូល​រួម​វគ្គ​បណ្តុះ​បណ្តាល សន្និសិទ និង​សិក្ខា​សិលា​ជាច្រើន ដែល​ទាក់​ទង​ទៅ​នឹង​ការ​វិវឌ្ឍន៍​វិស័យ អចលនទ្រព្យ ការ​គ្រប់​គ្រង​វិស័យ​ធនាគារ និង​មីក្រូ​ហិរញ្ញ​វត្ថុ​ជាដើម។ ចំពោះ​បទ​ពិសោធន៍​ការ​ងារ លោក​បាន​ចំណាយ​ពេល​ជាង ១៦ឆ្នាំ ក្នុ​ង​វិស័យ​មីក្រូ​ហិរញ្ញ​វត្ថុ ជាមួយ​និង​មុខ​តំណែង​ជា​ច្រើន​ដូចជា មន្រ្តី​សាខា នាយក​សាខា នាយក​គ្រប់​គ្រង​តំបន់ នាយក នាយក​ដ្ឋាន​ប្រតិ​បត្តិការ នាយក នាយក​ដ្ឋាន​ទីផ្សារ និង​ទំនាក់​ទំនង នាយក​​គ្រប់​​គ្រ​ងឥណទាន នាយក នាយក​ដ្ឋាន​ឥណទាន។ លោក​ក៏​បាន​ចំណាយ​ពេល​ជាង​បី​ឆ្នាំ បម្រើ​ការ​ងារ​នៅ​វិស័យ​ទូរ​គម​នា​គមន៍​​ផង​ដែរ។ លោក អ៊ុំ ពិសិដ្ឋ ត្រូវបានតែងតាំងជា នាយកប្រតិបត្តិ ចាប់ពីថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២៣ នេះតទៅ។

បណ្ឌិត ចាប រតនា បានចូលបម្រើការងារជាមួយគ្រឹស្ថាន ហ្វូតាបា មីក្រូហិរញ្ញវត្ថុ ភី​អិល​ស៊ី ក្នុងខែមករា ឆ្នាំ២០១៥ ជា​ទី​ប្រឹក្សា​ហិរញ្ញ​វត្ថុ​ក្នុង​ស្រុក បន្ទាប់មកគាត់​ក៏​​មក​កាន់​តំណែង​ជា​នាយករង នាយកប្រតិបត្តិ នៅខែតុលា ឆ្នាំ២០១៥។ គាត់​បាន​បញ្ចប់​ថ្នាក់​បណ្ឌិត​​គ្រប់​​គ្រង​​ពាណិជ្ជ​កម្ម និង​ថ្នាក់​អនុ​បណ្ឌិត​គ្រប់​គ្រង​ការ​អប់រំ​នៅ​សាកល​វិទ្យាល័យ​បៀលប្រាយ។ អស់​រយៈ​ពេល​ជាង ២៥ឆ្នាំ គាត់​​ទទួល​​បាន​បទ​ពិសោធន៍​ការ​ងារ​យ៉ាង​ច្រើន​ដូច​ជា អ្នកបក ប្រែភាសា រដ្ឋបាល អ្នក​គ្រប់​គ្រង​គំរោង និង​ជា​អ្នក​ប្រឹក្សា​យោបល់​ក្នុង​ស្រុក ដែល​មាន​ទំនាក់​ទំនង​ជាមួយ​និង​មន្ត្រី​គ្រប់​លំដាប់​ថ្នាក់​ក្នុង​ក្រសួង​គ្រប់​ខេត្ត-ក្រុង រួម​ជាមួយ​នឹង​ដៃគូ​អភិវឌ្ឍ អង្គការ​សហ​ប្រជា​ជាតិ, IO, អង្គ​ការ​ក្រៅ​រដ្ឋា​ភិបាល, វិស័យ​ឯកជន​ក្នុង​ផ្នែក​អភិវឌ្ឍ​ផែន​ការ​ថ្នាក់​ជាតិ, ហិរញ្ញវត្ថុ ស្ថិតិ ការអប់រំ M&E, Health based UNTAC, WHO-Ministry of Health, and UN-Ministry of Planning.

 

លោក ព្រាប កណ្តឹង បាន​បញ្ចប់​ការ​សិក្សា​ថ្នាក់​អនុ​បណ្ឌិត​ផ្នែក​ហិរញ្ញវត្ថុ (Master of Business Specializing in Finance) ពី​សាកល​វិទ្យា​ល័យ Charles Sturt University នៃ​ប្រទេស​អូស្រ្តាលី និង​បញ្ចប់​ការ​សិក្សា​ថ្នាក់​បរិញ្ញា​ប័ត្រ​ផ្នែកគណ​នេយ្យ នៅ​សាកល​វិទ្យា​ល័យ​ជាតិ​គ្រប់​គ្រង។ លោក​មាន​បទ​ពិសោធន៍​ការ​ងារ​ជា​ច្រើន​ឆ្នាំ ដែល​ពាក់​ព័ន្ធ​ទៅ​នឹង​វិស័យ​ធនាគារ និងហិរញ្ញ​វត្ថុ ការ​សិក្សា​ក៏​ដូច​ជា​បទ​ពិសោធន៏​ការ​ងារ​បាន​ធ្វើ​អោយ​គាត់​មាន​ការ​អភិវឌ្ឍន៏​ជា​បន្តប​ន្ទាប់​នូវ​ភាព​រីក​ចំរើន​នៃ​អាជីព​ការ​ងារ​របស់​គាត់។ មុន​ពេល​គាត់ ចូល​​រួម​​បំរើ​​ការ​​ងារ​​ជាមួយ ហ្វូតាបា លោក​មាន​បទ​ពិសោធន៍​ការ​ងារ​ជាច្រើន​ពាក់​ពន្ធ័​ទៅ​នឹង​ការ​គ្រប់​គ្រង​គណ​នេយ្យ ប្រឹក្សា​យោ​បល់ ផែ្នក​គណនេយ្យ និង​​ជានាយក នាយក​ដ្ឋាន​ហិរញ្ញ​វត្ថុ និង​គណនេយ្យ។ លោក​បាន​ចូលរួ​ម​ជាមួយ ហ្វូតាបា នៅ​ឆ្នាំ​២០១៥ ដែល​មាន​តួនាទី​ជា​នាយក នាយក​ដ្ឋាន​ហិរញ្ញ​វត្ថុ។ នៅ​ខែកក្កដា ឆ្នាំ២០១៦ លោក​ត្រូវ​បាន​តែង​តាំង​តួនាទី​ជា ជំនួយ​ការ​នាយក​ប្រតិ​បត្តិ ដែល​ទទួល​ខុស​ត្រូវ​ទៅ​លើ​នាយក​ដ្ឋាន​ចំនួន​បី ដូច​ជានាយក​ដ្ឋាន​ហិរញ្ញ​វត្ថុ  នាយក​ដ្ឋាន​ព័ត៌មាន​វិទ្យា   និង​នាយក​ដ្ឋាន​ធន​ធាន​មនុស្ស & រដ្ឋបាល។ ល។ លោក ព្រាប កណ្តឹង ត្រូវបានតែងតាំងជា នាយករងប្រតិបត្តិ ចាប់ពីថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២៣ នេះតទៅ។

 

លោក លឹម សំបូរ កើត​​នៅ​​ខែ​​​មិថុនា ឆ្នាំ១៩៨១ ​​បាន​​ចូល​​រួម​​ជាមួយ ​គ្រឹះស្ថាន​ ហ្វូតាបា មីក្រូ​​​ហិរញ្ញ​​​វត្ថុ ភីអិល​ស៊ី ចាប់​​ពី​​​ខែ​​វិ​​ច្ឆិកា ឆ្នាំ​២០១៥ ក្នុង​​​មុខ​តំណែងជា នាយក នាយក​ដ្ឋាន​​ទីផ្សារ។ បន្ទាប់​​បម្រើ​​ការ​​ងារ​​រយៈ​​ ពេល​​២ឆ្នាំ លោក​​ត្រូវ​​បាន​​ផ្លាស់​​ប្តូ​រ​​មុខ​​តំណែង​​ជា នាយក នាយក​ដ្ឋាន​ ធន​ធាន​មនុស្ស និង​រដ្ឋ​បាល នៅ​​ក្នុង​​ខែ​វិច្ឆិកា ឆ្នាំ២០១៧ ដោយ​​ទទួល​​ខុស ​​ត្រូវ​​ក្នុង​​ការ​​គ្រប់​​គ្រង រៀប​​ចំ​​ចាត់​​ចែង​ និង​បង្កើត​​គោល​នយោបាយ នីតិ​វិធី​ ការ​ងារ​នានា​​ពាក់​ព័ន្ទ​​នឹង​​កិច្ច​​ការ​​ធន​​ធាន​​​មនុស្ស​​ និង​ផ្នែក​រដ្ឋ​បាល​។​ នៅ​​​មុន​​​​ពេល​​​​ចាប់​​​ផ្តើម​​​អាជីព​​​​មួយ​​​​នេះ លោក​​ធ្លាប់​​​មាន​​បទ​​​ពិសោធន៍​​ ​រយៈ​​​ពេល​​ជាង ​១៤​ឆ្នាំ បម្រើ​​​ការ​​​ងារ​​​ជាមួយ​​​ធនា​​​គារ​​ធំៗ​​​ចំនួន​​​ពីរ​រួម​​​មាន៖ ​​ធនាគារ​​​បរ​ទេស ​​​ថ្នាក់​តំបន់ ​និ​ង​​​ធនាគារ​​​ក្នុង​​​ស្រុក​​​មួយ​​​ ដែល​​មាន​​​បណ្តាញ​​​ប្រតិបត្តិ​​ការ​​​ធំ​​​ជាង​​​គេ​​ផង​​ដែ​រ​។​ ជាមួយ​បទ​ពិសោធន៍ក្នុង​​​​វិស័យ​ធ​នា​គារ​​​​ហិរញ្ញ​វត្ថុ លោក​​ធ្លាប់​​​បាន​​​​ទទួល​​​ខុស​​ត្រូវ​​​​មុខ​​ងារ​​ជា​ច្រើន​​ដូច​ជា​ ​ប្រធាន​​​ទំនាក់​​​ទំនង ប្រធាន​​​ផ្នែក​​ឥណទាន​​ ភតិ​​សន្យា អនុ​​​ប្រធាន​​​ផ្នែក​​​ឥណទាន និង​​​តួនាទី​​​ជា​​ច្រើន​​ទៀត​ដែល​​​ លោក​​បាន​​​​ចំណាយ​​​​ពេល​​​​ជាង​​​១០​ឆ្នាំ ចូល​​រួម​​ក្នុង​​សកម្ម​​ភាព​​​​ជា​​ច្រើន​​​នៃ​​​ការ​​​លក់​​​ជួរ​​​មុខ​។ ដោយ​​ឡែក លោក លឹម សំបូរ បាន​​​​បញ្ចប់​​​​ការ​​​​​សិក្សា​​​​ថ្នាក់​​​បរិញ្ញា​​​ប័ត្រ ពី​​​​សាកល​​​វិទ្យា​​​​ល័យ​​​​បៀល​​​​ប្រាយ ផ្នែក​​​​ហិរញ្ញ​​​វត្ថុ និង​​​​ធនា​​​គារ ក្នុង​​​ឆ្នាំ​​២០០៨។

 

 

លោក គង់ សារ៉ាត់ ជា​ជន​ជាតិ​ខ្មែរ លោក​បាន​​​បញ្ចប់​ការ​សិក្សា​ថ្នាក់​អនុ​បណ្ឌិត​ផ្នែក​គ្រប់​គ្រង​ក្នុង​ឆ្នាំ​២០១១ ​បញ្ចប់​ថ្នាក់​បរិញ្ញា​ប័ត្រ​ផ្នែក​​ព័ត៌​​មាន​​វិទ្យា និង​​ផ្នែក​អក្ស​រ​សាស្ត្រ​អង់​គ្លេស​ផង​ដែរ។ ជាមួយ​និង​អតីត​ភាព​ការ​ងារ លោក​​មាន​តួនាទី​ជា​ប្រធាន​គ្រប់​គ្រង​ផ្នែក​ព័ត៌​​មាន​វិទ្យា ​នៃ​ធនា​គារ​ពាណិជ្ជ​ដ៍​ធំ​មួយនៅ​កម្ពុជា ដែល​ទទួល​ខុស​ត្រូវ​លើ​ផ្នែក​ប្រព័ន្ធ​ធនា​គារ​ស្នូល​ប្រព័ន្ធ Card និង  SWIFT ជា​មួយ​​និង​​មុ​ខ​​ជំនាញ​​បច្ចេក​​ទេស​​ជា​​ច្រើន​​ដូច​​​​ជា​​ការ​​រៀប​​ចំ​​ដំណើរ​​ការ​​ប្រព័ន្ធ​ធ​នា​គារ ការ​រៀប​ចំ​ហេដ្ឋា​រចនា​សម្ព័ន្ធ​បណ្តាញ Network ប្រកប​​ដោយ​​សុវត្ថិ​​​ភាព និង​ការ​រៀប​ចំ​គោល​នយោបាយ​គ្រប់​គ្រង​ផ្នែក​ព័ត៌​មាន​វិទ្យា។ នៅ​ដើម​ឆ្នាំ ២០១៦ គាត់​បាន​ចូលបម្រើ​ការ​ងារ​ជាមួយ​​គ្រឹះស្ថាន ហ្វូតាបា ជា​នាយក​រង​ផ្នែក​ព័ត៌មាន​វិទ្យា ក្រោយ​មក​បាន​រយ:ពេល ៦ខែ​ប​ន្ទាប់ គាត់​ត្រូវ​បាន​តំឡើង​តួនាទី​ជា​នាយក នាយក​ដ្ឋាន​ព័ត៌មាន​វិទ្យា។ គាត់​ជា​អ្នក​ចាប់ផ្តើម​ដំបូង​ក្នុង​ការ​រៀប​ចំ​ហេដ្ឋា​រចនាសម្ព័ន្ធ Network រៀប​ចំមជ្ឈ​មណ្ឌល​ទិន្នន័យ មជ្ឈ​មណ្ឌល​ទិន្នន័យ​សង្គ្រោះ​បន្ទាន់ គោល​នយោ​បាយគ្រប់​គ្រង​ផ្នែក​ព័ត៌​មាន​វិទ្យា ក៏​ដូច​ជា​គោល​នយោ​បាយ សុវត្ថិ​ភាព​ទិន្ន​ន័យ​សម្រាប់​គ្រឹះស្ថាន ហ្វូតាបា ចាប់​តាំង​ពី​ការ​កកើត​ដំបូង​នៃគ្រឹះស្ថាន។ ក្នុង​វិស័យ​ធនាគារ និង​ហិរញ្ញ​វត្ថុ គាត់​មាន​​បទ​​ពិសោធន៍​​ផ្នែក​​ព័ត៌​​មាន​វិទ្យា​​ជាង ១០ឆ្នាំ មកហើយ។

 

លោក​ ស ភារុំ បាន​​ចូល​​បម្រើ​​ការ​ងារ​​នៅ​​ក្នុង​​គ្រឹះស្ថាន ហ្វូតាបា មីក្រូ​​ហិរញ្ញ​​វត្ថុ ​​ភី​អិល​ស៊ី ក្នុង​តួនាទី​ជា​នាយក​ នាយក​ដ្ឋានគ្រប់គ្រងហាមិភ័យ ​ច្បាប់ និង ​ប្រតិ​បត្តិ​តា​ម ​ចាប់​ពី​ថ្ងៃ​ទី០១ ខែ​កញ្ញា ឆ្នាំ២០១៧។​ មុន​​ពេល​​​​គាត់​​ចូល​​ បម្រើ​​ការ​ងារ​​នៅ​​គ្រឹះស្ថាន ហ្វូតាបា លោក​​បាន​​បម្រើ​​ការ​ងារ​នៅ​គ្រឹះស្ថាន​ មីក្រូ​ហិរញ្ញ​វត្ថុ ចម្រើន ម៉ាយ​ក្រូ​ហ្វាយ​នែន ភី​អិល​ស៊ី ក្នុង​តួ​នាទី​ចុង​ក្រោ​យ ​ជា​ប្រធាន​នាយក​ដ្ឋាន​​គ្រប់​​គ្រង​ហានិភ័យ និង​នីតិ​កម្ម ​ហើយ​គាត់​បាន​​ចាប់​​ផ្តើម​ការ​ងារ​ក្នុង​តួនាទី​ច្រើន​ជាមួយ​គ្រឹះស្ថាន ចម្រើន ដែល​ចាប់​ផ្តើម​ ពី​ខែ​កុម្ភៈ ឆ្នាំ២០០៩ ជា​មន្ត្រី​ឥណទាន និង​បាន​ក្លាយ​ជា​មន្ត្រី​សវន​កម្ម​ផ្ទៃ​ក្នុង ក្នុង​ខែ​កុម្ភៈ ឆ្នាំ២០១០។ ក្រោយ​មក​គាត់​ត្រូវ​បាន​តែង​តាំង​ជា​ប្រធាន​សាខា ​នៅ​ខែ​វិច្ឆិកា ឆ្នាំ២០១០ និង​ប្តូរ​ទៅ​ជា​មន្ត្រី​ប្រតិ​បត្តិ​តាម​ជាន់​ខ្ពស់ ក្នុង​ខែ​មិថុនា ឆ្នាំ​២០១២។ បន្ត​បន្ទាប់​មក​គាត់​ក៏​ត្រូវ​បាន​ដំ​ឡើង​ទៅ​ជា​​ប្រធាន​​ផ្នែក​ច្បាប់ និង​ ប្រតិ​បត្តិ​តាម ក្នុង​ខែ​មិថុនា ឆ្នាំ២០១៣ និង​ជា​ប្រធាន​នាយក​ដ្ឋាន​ច្បាប់ ក្នុង​​​ខែ​មករា ឆ្នាំ​២០១៥ ហើយ​បាន​ទទួល​ខុស​ត្រូវ​ក្នុង​តួនាទី​ចុង​ក្រោយ​ជាប្រធាន ​នាយកដ្ឋាន​ គ្រប់​គ្រង​ហានិ​ភ័យ និង​នីតិ​កម្ម។ ហើយ​គាត់​ក៏​ធ្លាប់​បម្រើ​ការងារ​​នៅ​សណ្ឋា​គារ Feeling Home ជា​អ្នក​ទទួល​ភ្ញៀវរយៈពេល ១ឆ្នាំ និង​ធ្វើ​ការ​ជា​អ្នក​ ស្ម័គ្រ​ចិត្ត​ជាមួយ​អង្គ​ការ​ទស្សនៈ​ពិភព​លោក​នៅ​ស្រុក​រយៈ​ពេល ៤ឆ្នាំ​ផង​ដែរ។ ​គាត់​បាន​ទទួល​សញ្ញា​បត្រ​បរិញ្ញា​បត្រ​ជាន់ខ្ពស់ នីតិសាស្ត្រ ផ្នែក​នីតិ​ឯក​ជន នៅ​​សាកល​វិទ្យា​ល័យ​ភូមិន្ទ​នីតិ​សាស្ត្រ និង​វិទ្យា​សាស្ត្រ​សេដ្ឋកិច្ច និង​បរិញ្ញា​បត្រផ្នែក ​គណនេយ្យ​ពី​សាកល​វិទ្យា​ល័យ​ធន​ធាន​មនុស្ស។ ក្នុងតួនាទី និង​ការ​ទទួល​​ខុស​ត្រូវ​នោះ គាត់​មាន​បទ​ពិសោធន៍​ក្នុង​តួនាទី​ផ្សេងៗ​គ្នា​រយៈ​ពេល​ ៩ឆ្នាំ ក្នុង​វិស័យ​ធនា​គារ និង​មីក្រូ​ហិរញ្ញ​វត្ថុ។

​​

លោក យ៉ាត ប៊ុនជា បច្ចុប្បន្ន​បាន​ចូល​បម្រើ​ការ​ងារ​នៅ​គ្រឹះស្ថាន​ ហ្វូតាបា មីក្រូហិរញ្ញវត្ថុ ភីអិលស៊ី តួនា​ទីជា នាយក​ នាយក​ដ្ឋានឥណ​ទាន​។ មុន​ចូល​បម្រើ​ការ​នៅ​គ្រឹះស្ថាន ហ្វូតាបា មីក្រូ​ហិរញ្ញ​វត្ថុ ភីអិលស៊ី លោក​ធ្លាប់​កាន់​មុខ​តំណែង​ជា​ច្រើន​ក្នុង​វិស័យ​ហិរញ្ញ​វត្ថុ ដូច​ជា៖ មន្រ្តីឥណទាន មន្រ្តី​ឥណ​ទាន​ជាន់​ខ្ពស់ នាយក​ផ្នែក​ឥណទាន នាយក​សាខា នាយក​សាខា​ខេត្ត នាយក​ប្រតិប​ត្តិ​ការ និង​ជា​នា​យកគ្រប់​គ្រង​ទូទៅផង​ដែរ ​លោក​មាន​ជំនាញ និង​បទ​ពិសោធន៍​ការ​ងារ​ជាមួយ​វិស័យ NGO និង មីក្រូ​ហិរញ្ញ​វត្ថុ​អស់​រយៈ​ពេល​ជាង​២៥ឆ្នាំ។ លោក​ក៏​ធ្លាប់​ធ្វើ​ការ​ងារ​ជាមួយ​អ៊ុន​តាក់ (UNTAC) ក្នុង​តួនាទី​ជា​អ្នក​បក​ប្រែ និង​ជា​អ្នក​សង្កេត​ការ ការ​បោះ​ឆ្នោត​ក្នុង​ឆ្នាំ១៩៩៣។ លោក​ធ្លាប់​បំពេញ​ការ​ងារ​ជា​មន្រ្តី​រាជ​ការ ជាគ្រូ​វិទ្យា​ល័យ មុខ​វិជ្ជា​បង្រៀន ជីវ​វិទ្យា និង​ភាសា​អង់​គ្លេស។

លោក​បាន​បញ្ចប់​កថ្នាក់​បរិញ្ញា​បត្​រគ្រប់​គ្រង​ពាណិជ្ជ​កម្ម ឯក​ទេស​គ្រប់​គ្រង​ទូទៅ នៅ​សាកល​វិទ្យា​ល័យ​បៀល​ប្រាយ​ក្នុង​ឆ្នាំ​២០០៩។ លោក​បាន​ចូល​រួម​វគ្គ​បណ្តុះ​បណ្តាល និង​ជំនាញ​វគ្គ​ខ្លីៗ​ជាច្រើន ជាមួយ​សមាគម​មីក្រូ​ហិរញ្ញ​វត្ថុ​កម្ពុជា និង​វគ្គ​បណ្តុះ​បណ្តាល​ពិសេស​ផ្សេងទៀត ដូចជា៖ Credit Unions Management រៀប​ចំ​ដោយ Asian Confederation of Credit Unions​​ (ACCU) និង​ Credit Union League of Thailand Limited (CULT) នៅ​ប្រទេស​ថៃ។

លោក កន វិចិត្រ កើតនៅថ្ងៃទី ៤ ខែមីនា ឆ្នាំ ១៩៧៦ លោកបានបញ្ចប់ថ្នាក់បរិញ្ញាបត្រគ្រប់គ្រងពាណិជ្ជកម្ម ផ្នែកគណនេយ្យ និងហិរញ្ញវត្ថុ ពីសាកលវិទ្យាល័យបៀលប្រាយក្នុងឆ្នាំ ២០០៨។ នៅឆ្នាំ ១៩៩៥ លោកបានចូលបម្រើការងារនៅ ធនាគារឯកជនមួយ នៅទីក្រុង ភ្នំពេញដំបូងជាបុគ្គលិកធនាគារ ហើយលោកត្រូវបាន គេដំឡើងដំណែងជាបន្តបន្ទាប់ និងចុងក្រោយ គាត់ជាជំនួយការប្រធាន នាយកដ្ឋានហិរញ្ញវត្ថុ​។​  ក្នុងឆ្នាំ ២០០៩ លោកបានប្តូរមកបម្រើការងារជាមួយគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ​ ​ របស់វិនិយោទុនកូរ៉េ   តួនាទីជាអ្នក​គ្រប់គ្រង​នាយក​ដ្ឋាន​គណនេយ្យ និង ហិរញ្ញវត្ថុ។ ហើយបន្ទាប់មកក្នុងឆ្នាំ២០១៨ លោកបានផ្លាស់ការងារ មកចូលរួមជាមួយ គ្រឹះស្ថានមី​ក្រូហិរញ្ញវត្ថុ មួយដែល​ជាម្ចាស់​ភាគ​ទុនិករបស់ខ្មែរ  នៅទីនោះលោកជាប្រធាននាយកដ្ឋានហិរញ្ញវត្ថុ ហើយបន្ទាប់រហូតដល់ឆ្នាំ ២០២១ លោកត្រូវបានដំឡើងតួនាទី ជាអនុប្រធានគ្រប់គ្រងទូទៅ។ លោកបានរៀបចំ​ការងារនិងចាត់ចែងសកម្មភាពប្រតិបត្តិ​ការប្រចាំថ្ងៃគ្រប់ នាយកដ្ឋាន​ទាំងអស់របស់​គ្រឹះ​ស្ថាន។ លោក កន វិចិត្រ  បានចូលរួមវគ្គបណ្តុះបណ្តាលជាច្រើនទាក់ទងនឹងវិស័យធនាគារ និង មីក្រូហិរញ្ញវត្ថុ ដូចជានៅ សមាគមមីក្រូហិរញ្ញ​វត្ថុកម្ពុជា CMA, ក្រុមហ៊ុន Credit Bureau Cambodia Ltd., CBC, ជាមួយធនាគារជាតិ នៃកម្ពុជា NBC  សាលាជាតិពន្ធដា​​កម្ពុជា NTS  ក្នុងឆ្នាំ២០២២ លោកបានចូលរួម វគ្គ​បណ្តុះបណ្តាលរយៈពេល៦ខែ CIFRS for SMEs at CamEd Business School និងក្រសួងពាក់ព័ន្ធផ្សេងៗ​ ក៏ដូចជាចូលរួមសិក្ខាសាលាជាច្រើនទៀត។ រហូតមកដល់ពេលនេះ លោកបានចំណាយ ពេល ជាមួយអាជីពការងាររបស់លោកជាង ២០ ឆ្នាំក្នុងវិស័យធនាគារ និង គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុនេះ  ហើយនៅ ដើមខែធ្នូ ឆ្នាំ២០២៣ ថ្មីៗនេះ លោកបានប្តូរមកបម្រើការងារ ជាមួយគ្រឹះស្ថាន ហ្វូតាបា មីក្រូហិរញ្ញវត្ថុ ភីអិលស៊ី ដែលមានតួនាទីជា នាយក នាយកដ្ឋានហិរញ្ញវត្ថុ ។