អំពីយើង | សាររបស់ប្រធានក្រុមប្រឹក្សាភិបាល

សាររបស់ប្រធានក្រុមប្រឹក្សាភិបាល

 

 

ស្ថានភាពសេដ្ឋកិច្ចពិភពលោកនៅមានការប្រឈមនឹងភាពតានតឹងភូមិសាស្ត្រនយោបាយ ការបែងចែកភូមិសាស្ត្រសេដ្ឋកិច្ច និងបញ្ហា អូសបន្លាយនៃសង្គ្រាមរវាងប្រទេសរុស្សី និងអ៊ុយក្រែនកន្លងមក ហើយសេដ្ឋកិច្ចរបស់ប្រទេសកម្ពុជាក៏បានទទួលរងនូវផលប៉ះពាល់ នេះផងដែរ។ យើងឃើញថា កំណើនសេដ្ឋកិច្ចពិភពលោកសម្រាប់ឆ្នាំ២០២៤ អាចសម្រេចបានក្នុងអត្រា ៣,២% ដែលក្នុងនោះប្រទេស កំពុងអភិវឌ្ឍន៍បានកើន ក្នុងអត្រា ១,៧% ប្រទេសកំពុងលូតលាស់និងកំពុងអភិវឌ្ឍន៍បានកើនក្នុងអត្រា ៤,២% និងសេដ្ឋកិច្ចតំបន់ អាស៊ានបានកើនក្នុងអត្រា ៤,៦% បើយោងតាមរយៈការព្យាករណ៍របស់មូលនិធិរូបិយវត្ថុអន្តរជាតិ។ រីឯអតិផរណាពិភពលោកបានថយ ចុះនៅត្រឹម ៥,៧% សម្រាប់ឆ្នាំ២០២៤ នេះ។ ចំពោះសេដ្ឋកិច្ចកម្ពុជាវិញ សម្រាប់ឆ្នាំ២០២៤ ត្រូវបានប៉ាន់ស្មានថានឹងកើនក្នុងអត្រា ៦% និងអត្រាអតិផរណាមានត្រឹមកម្រិត ០,៨% ជាអត្រាមួយទាប ដែលធនាគារជាតិនៃកម្ពុជា នឹងបន្តអនុវត្តនយោបាយរូបិយវត្ថុប្រកប ដោយភាពបត់បែន និងប្រុងប្រយ័ត្ន តាមរយៈឧបករណ៍ចម្បងៗក្នុងការរក្សាស្ថិរភាពថ្លៃ និងគាំទ្រដល់សកម្មភាពសេដ្ឋកិច្ច។ ក្នុងកាលៈ ទេសៈនេះយើងឃើញថា រាជរដ្ឋាភិបាលកម្ពុជា បានអនុវត្តយុទ្ធសាស្រ្តបញ្ចកោណក្នុងដំណាក់ កាលទី១ របស់ខ្លួនប្រកបដោយប្រសិទ្ធ ភាពដោយបានដាក់ចេញវិធានការជាបន្តបន្ទាប់ ដើម្បីបង្កើនល្បឿននៃពិពិធកម្មមូលដ្ឋាន ការកំណែទម្រង់ ការប្រើប្រាស់ប្រព័ន្ធឌីជីថល និងការជំរុញវិស័យមួយចំនួនឱ្យ មានភាពរឹងមាំ និងដំណើរការល្អប្រសើរឡើងវិញដូចជា វិស័យសំណង់ វិស័យអចលនទ្រព្យ វិស័យ ទេសចរណ៍ និងវិស័យកសិកម្មជាដើម។
ចំពោះទំនុកចិត្តមកលើប្រព័ន្ធធនាគារ និងមីក្រូហិរញ្ញវត្ថុនៃប្រទេសកម្ពុជានូវតែបន្តរក្សាបានវឌ្ឍនភាព និង ស្ថិរភាព បើទោះបីបានរង ផលប៉ះពាល់ពីប្រទេសក្នុងតំបន់មួយចំនួនដែលមានការកើនឡើងបំណុល និង ហានិភ័យឥណទានកើតឡើងលើវិស័យអចលនទ្រព្យ។ បើយោងតាមរបាយការណ៍ប្រចាំឆ្នាំ២០២៤ របស់ ធនាគារជាតិនៃកម្ពុជាបានបង្ហាញថា គិតត្រឹមដំណាច់ឆ្នាំ២០២៤ ទ្រព្យសកម្មសរុប របស់គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុបានកើនឡើង ៧% ដល់ ៣៦៩,៤ ទ្រីលានរៀល (ស្មើនឹង ៩១,១ ប៊ីលានដុល្លារអាមេរិក) ឥណទាន នៅតែបន្តកើនឡើងទាប ៣% ដល់ ២៤២,៩ ទ្រីលានរៀល (ស្មើនឹង ៥៩,៩ ប៊ីលាន ដុល្លារអាមេរិក) ក្នុងពេលដែលប្រាក់បញ្ញើបាន កើនឡើង ១៦,៣% ដល់ ២៣០,៩ ទ្រីលានរៀល (ស្មើនឹង ៥៧ ប៊ីលានដុល្លារអាមេរិក)។ ក្នុងនោះប្រព័ន្ធធនាគារនៅកម្ពុជាមាន ធនាគារពាណិជ្ជមានចំនួន ៥៩ ធនាគារឯកទេសមានចំនួន ០៩ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុទទួលប្រាក់បញ្ញើ មានចំនួន ០៤ គ្រឹះស្ថាន មីក្រូហិរញ្ញវត្ថុមានចំនួន ៨៥ គ្រឹះស្ថានឥណទានជនបទមានចំនួន ១១៤ គ្រឹះស្ថានភតិសន្យាហិរញ្ញវត្ថុមានចំនួន ១៣ អ្នកដំណើរ ការតតិយភាគីមានចំនួន ០៤ គ្រឹះស្ថានផ្តល់សេវាទូទាត់មានចំនួន ៣០ ក្រុមហ៊ុនក្រេឌីតប្យូរ៉ូកម្ពុជាមានចំនួន ០១ ការិយាល័យតំណាង ធនាគារ បរទេសមានចំនួន ០៥ និងអាជីវករប្តូរប្រាក់មានចំនួន ៣.៣២៧។ ចំណុចនេះយើងអាចមើលឃើញថាប្រព័ន្ធធនាគារ និង មីក្រូហិរញ្ញវត្ថុ ក៏បានរងផលប៉ះពាល់ផងដែរ ក្នុងនោះធនាគារជាតិនៃកម្ពុជាបានបន្តតាមដានស្ថានភាពស្ថិរភាពហិរញ្ញវត្ថុ តាមរយៈការ ពង្រឹងការវិភាគហានិភ័យវិស័យហិរញ្ញវត្ថុ ការវិភាគភាពប្រទាក់ក្រឡារវាងសេដ្ឋកិច្ចវិស័យរូបវន្ត និងវិស័យហិរញ្ញវត្ថុ ជាមួយនឹងវិធាន ការអនុគ្រោះបទប្បញ្ញត្តិត្រូវបានដាក់ចេញ។ ទោះជាយ៉ាងណា ប្រព័ន្ធធនាគារបន្ត រក្សាបានភាពធន់ទាំងផ្នែកដើមទុន និងសន្ទនីយភាព និងអនុវត្តប្រតិបត្តិការសេវាធនាគារប្រកបដោយភាពប្រុងប្រយ័ត្ន។ ក្នុងនោះវិស័យមីក្រូហិរញ្ញវត្ថុនៅកម្ពុជានៅតែបាន និងកំពុងដើរតួនាទី យ៉ាងសំខាន់ក្នុងការរួមចំណែកដល់ការលើកកម្ពស់ហិរញ្ញវត្ថុប្រកបដោយចីរភាព  ការចូលរួមថែរក្សាបរិស្ថាន និងការអភិវឌ្ឍន៍សេដ្ឋកិច្ច បៃតង និងសង្គម ជាពិសេសការកាត់បន្ថយភាពក្រីក្រនៅតាមតំបន់ដាច់ស្រយាល។
ទោះបីមានបញ្ហាប្រឈមដែលបានជះឥទ្ធិពលមួយចំនួនដល់សេដ្ឋកិច្ចកម្ពុជា និងវិស័យធនាគារ និងហិរញ្ញវត្ថុក៏ដោយ គ្រឹះស្ថាន ហ្វូតាបា មីក្រូហិរញ្ញវត្ថុ ភីអិលស៊ី នៅតែបានខិតខំប្រឹងប្រែងអនុវត្តកិច្ចការងារ និងមានវិធានការដោះស្រាយលើហានិភ័យមួយចំនួន ជាពិសេស ពង្រឹងលើគុណភាពឥណទានបន្ថែមទៀត និងកាត់បន្ថយការចំណាយណាដែលមិនចាំបាច់ស្របទៅតាមផែនការយុទ្ធសាស្រ្តរយៈពេល វែងរបស់ខ្លួន ហើយក្នុងឆ្នាំ២០២៤ នេះ គ្រឹះស្ថាន ហ្វូតាបា មីក្រូហិរញ្ញវត្ថុ ភីអិលស៊ី ក៏បានផ្លាស់ប្តូររចនាសម្ព័ន្ធរបស់ខ្លួន ក្នុងកម្រិតក្រុម ប្រឹក្សាភិបាល ដើម្បីបន្តការត្រួតពិនិត្យ តាមដាន និងផ្តល់អនុសាសន៍ក្នុងប្រតិបត្តិការ អាជីវកម្មឱ្យកាន់តែមានប្រសិទ្ធភាព។ ទោះជា ស្ថិតនៅស្ថានភាពលំបាកនេះក៏ដោយ តាមរយៈរបាយការណ៍ហិរញ្ញវត្ថុសម្រាប់ឆ្នាំ២០២៤ គ្រឹះស្ថាន ហ្វូតាបា មីក្រូហិរញ្ញវត្ថុ ភីអិលស៊ី នៅតែអាចរក្សាប្រាក់ចំណេញ របស់ខ្លួនបានចំនួន ៣០៧.០១៨ ដុល្លារអាមេរិក ជាមួយនឹងទ្រព្យសកម្មចំនួន ១៥.៥៤៩.៤៧៩ ដុល្លារ អាមេរិក។ លទ្ធផលនេះបង្ហាញពីការចូលរួមសហការពីគណៈគ្រប់គ្រងបុគ្គលិកទាំងអស់ និងពិសេសផ្នែកឥណទានផ្ទាល់ ដែលបាន ខិតខំប្រឹងប្រែងក្នុងការគ្រប់គ្រង និងដោះស្រាយបំណុលយឺតយ៉ាវឱ្យបានទាន់ពេលវេលា។ 
ក្នុងនាមប្រធានក្រុមប្រឹក្សាភិបាល ខ្ញុំសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់អតិថិជន នៅតែមានសុច្ឆន្ទៈ ក្នុងការប្រើប្រាស់សេវា និង ផលិតផលរបស់គ្រឹះស្ថាន ដើម្បីចូលរួមចំណែកអភិវឌ្ឍអាជីវកម្ម និងធនធានមនុស្សជំនាន់ក្រោយក្នុងព្រះរាជាណាចក្រកម្ពុជា ជាពិសេស ភាគទុនិកជប៉ុនរបស់យើងខ្ញុំ តែងតែផ្តល់ការគាំទ្រផ្នែកហិរញ្ញវត្ថុ ព្រមទាំងនាយកប្រតិបត្តិ នាយករងប្រតិបត្តិ គណៈគ្រប់គ្រង និង បុគ្គលិកទាំងអស់របស់គ្រឹះស្ថាន ហ្វូតាបា មីក្រូហិរញ្ញវត្ថុ ភីអិលស៊ី សម្រាប់ការគាំទ្រ និងការខិតខំប្រឹងប្រែងបំពេញការងារ របស់ខ្លួន និងការអនុវត្តតាមផែនការយុទ្ធសាស្រ្តដែលបានផ្តល់ជូនដោយក្រុមប្រឹក្សាភិបាលរបស់គ្រឹះស្ថាន។ ជាពិសេសខ្ញុំសូមថ្លែងអំណរគុណ យ៉ាងជ្រាលជ្រៅបំផុតចំពោះធនាគារជាតិនៃកម្ពុជា ក្រសួងពាក់ព័ន្ធ និងដៃគូសហប្រតិបត្តិការនានា ដែលតែងតែផ្តល់ការសហការ ការ គាំទ្រ និងអនុសាសន៍នានាដល់គ្រឹះស្ថានយើងខ្ញុំ លើចំណុចខ្វះខាតមួយចំនួនបន្ថែមទៀត ដើម្បីពង្រឹងការអនុវត្ត និងពិនិត្យចាត់ចែង បន្តនូវរាល់ សកម្មភាពការងារទាំងអស់នោះឱ្យកាន់តែមានប្រសិទ្ធភាព និងប្រកបដោយតម្លាភាពរហូតមកដល់ពេលបច្ចុប្បន្ន និងនាពេល អនាគត។
ជាចុងក្រោយ យើងខ្ញុំសូមប្រសិទ្ធិពរជ័យ វិបុលសុខ ចូលកើតមានដល់លោកអ្នក និងក្រុមគ្រួសារ នូវសេចក្តីសុខចម្រើន សុខភាពល្អ ជោគជ័យគ្រប់ភារកិច្ចការងារ និងទេវតាឆ្នាំថ្មីតាមថែរក្សាជានិច្ចនិរន្តរតរៀងទៅ។