អំពីយើង | សាររបស់នាយកប្រតិបត្តិ

សាររបស់នាយកប្រតិបត្តិ

 

 

ជូនចំពោះអតិថិជន និងដៃគូពាណិជ្ជកម្មជាទីគោរព!

 

សូមជម្រាបជូនថា គ្រឹះស្ថាន ហ្វូតាបា មីក្រូហិរញ្ញវត្ថុ ភីអិលស៊ី បានទទួលអាជ្ញាបណ្ណប្រកបអាជីវកម្មជាគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ពីធនាគារជាតិនៃកម្ពុជា ដើម្បីប្រកបសកម្មភាពអាជីវកម្មនៅថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០១៥។ ដោយមើលឃើញពីដំណើរការជាវិជ្ជមាននៃការប្រតិបត្តិ និងការគ្រប់គ្រង ព្រមទាំងផែន ការយុទ្ធសាស្រ្តវែងឆ្ងាយទៅថ្ងៃអនាគតរបស់គ្រឹះស្ថាន ហ្វូតាបា មីក្រូហិរញ្ញវត្ថុ ភីអិលស៊ី កាលពីថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០១៩ ធនាគារជាតិនៃកម្ពុជា បាន សម្រេចផ្តល់អាជ្ញាបណ្ណអចិន្ត្រៃយ៍សម្រាប់ប្រកបអាជីវកម្មជាផ្លូវការមកឱ្យគ្រឹះស្ថាន ហ្វូតាបា មីក្រូហិរញ្ញវត្ថុ ភីអិលស៊ី ជំនួសឱ្យអាជ្ញាបណ្ណដែលមានកំណត់ រយៈពេល ៣ឆ្នាំ ហើយក៏បានអនុញ្ញាតក្នុងការបង្កើតសាខាថ្មីមួយបន្ថែមទៀត គឺសាខាក្រុងដូនកែវ ខេត្តតាកែវ ដោយបានទទួលអាជ្ញាបណ្ណស្របច្បាប់ ពីធនាគារជាតិនៃកម្ពុជា កាលពីថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០២៣។ នៅក្នុង ឆ្នាំ២០២៥ គ្រឹះស្ថានបានធ្វើការផ្លាស់ប្តូរទីតាំងការិយាល័យកណ្តាលថ្មីរបស់ ខ្លួន ដែលបានចេញសន្លឹកអាជ្ញាបណ្ណថ្មីពីធនាគារជាតិនៃកម្ពុជា នៅថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២៥ ហើយក៏ជាឆ្នាំដ៏ពិសេសគម្រប់ខួប ១០ឆ្នាំ ដែលគ្រឹះស្ថាន ហ្វូតាបា មីក្រូហិរញ្ញវត្ថុ ភីអិលស៊ី បានបើកប្រតិបត្តិការអាជីវកម្មរបស់ខ្លួន។

ដោយស្ថានភាពសេដ្ឋកិច្ចប្រទេសកម្ពុជា មិនទាន់មានភាពល្អប្រសើរនៅឡើយ ហើយបើក្រឡេកមកមើលស្ថានភាពនៃវិស័យធនាគារ គ្រឹះស្ថានហិរញ្ញវត្ថុ គ្រឹះស្ថានបង់រំលស់ ព្រមទាំងគ្រឹះស្ថាន ហ្វូតាបា មីក្រូ ហិរញ្ញវត្ថុ ភីអិលស៊ី នៅក្នុងឆ្នាំ២០២៥ ក៏នៅតែជួបប្រទះបញ្ហាប្រឈមមួយចំនួន ជាពិសេស ទៅលើការគ្រប់គ្រងគុណភាពឥណទានដោយបំណុលយឺតយ៉ាវមានការកើនឡើង និងតម្លៃអចលនទ្រព្យមានការធ្លាក់ចុះដែលប្រឈមទៅនឹងបំណុល យឺតយ៉ាវ។ គ្រឹះស្ថាន ហ្វូតាបា មីក្រូហិរញ្ញវត្ថុ ភីអិលស៊ី បាន និងកំពុងបានបម្រើសេវាជូនអតិថិជន និងបម្រើការងារនៅការិយាល័យកណ្តាល និង សាខាមានចំនួន ០៥ ទីតាំងរួមមានការិយាល័យកណ្តាល (សាខាការិយាល័យកណ្តាល) សាខាខណ្ឌព្រែកព្នៅ សាខាខណ្ឌពោធិ៍សែនជ័យ សាខាក្រុង ច្បារមន (ខេត្តកំពង់ស្ពឺ) និងសាខាក្រុងដូនកែវ (ខេត្តតាកែវ) ហើយជាក់ស្តែង ចាប់ពីឆ្នាំ២០២៤ មកដល់បច្ចុប្បន្ន គ្រឹះស្ថានមិនបានបើកសាខាថ្មី បន្ថែមទៀតនោះទេ។ 

 

សមិទ្ធផលដែលទទួលបានសង្ខេបៗគិតមកត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥ របស់គ្រឹះស្ថាន ហ្វូតាបា មីក្រូហិរញ្ញវត្ថុ ភីអិលស៊ី ដូចខាងក្រោម៖

. បុគ្គលិកសរុបចំនួន ៩៥នាក់ ស្ត្រីចំនួន ២៧នាក់ និងបុរសចំនួន ៦៨នាក់
. អតិថិនជនដែលបាន និងកំពុងទទួលកម្ចីមានសរុប ១.២៤៧ នាក់
. ផលបត្រឥណទានសរុប ១៤.៧៣០.៥១២ ដុល្លារអាមេរិក 
. ទ្រព្យសកម្មសរុបចំនួន ១៥.៨៨៦.៦៤៥ ដុល្លារអាមេរិក
. ប្រាក់ចំណេញសម្រាប់ឆ្នាំ២០២៥ ចំនួន ២៣២.១២៥ ដុល្លារអាមេរិក
. ហានិភ័យនៃផលបត្រឥណទាន (ធំជាង៣០ថ្ងៃ) ចំនួន ២០,៧៨% 

. បំណុលយឺតយ៉ាវកាត់ចេញពីបញ្ជីមានចំនួន ០%
. អនុបាតសន្ទនីយភាព (ប្រកាស) ចំនួន >១០០%
. អនុបាតសាធនភាព (ប្រកាស) ចំនួន ៤៥%
. ដើមទុនអប្បបរមា (ប្រកាស) ចំនួន ៧.០០០.០០០ ដុល្លារអាមេរិក
. មូលនិធិផ្ទាល់សុទ្ធ (ប្រកាស) ចំនួន ៧.២២០.១៦១ ដុល្លារអាមេរិក
. ការផ្តល់ឥណទានជារូបិយវត្ថុជាតិ (ប្រកាស) ចំនួន ១៤,១៥%

 

បើទោះបីគ្រឹះស្ថាន ហ្វូតាបា មីក្រូហិរញ្ញវត្ថុ ភីអិលស៊ី មិនទាន់មានការិយាល័យប្រតិបត្តិការឱ្យបានទូលំទូលាយនៅទូទាំងប្រទេសកម្ពុជា ក៏ចក្ខុវិស័យ របស់យើងខ្ញុំត្រូវតែខិតខំអភិវឌ្ឍន៍ខ្លួនឱ្យក្លាយជា គ្រឹះស្ថានហិរញ្ញវត្ថុឈានមុខមួយនៅក្នុងព្រះរាជាណាចក្រកម្ពុជា ដើម្បីរួមចំណែកក្នុងការអភិវឌ្ឍសង្គម និងកំណើនសេដ្ឋកិច្ចប្រកបដោយនិរន្តរភាពក្នុងពេលបច្ចុប្បន្ន ក៏ដូចពេលអនាគតតាមរយៈការធ្វើឱ្យមានលំនឹងស្ថិរភាព តម្លាភាពលើផ្នែកទីផ្សារហិរញ្ញ វត្ថុនៅកម្ពុជា និងផែនការយុទ្ធសាស្រ្តរយៈពេលវែងដែលនឹងពង្រឹងការអនុវត្តលើតំបន់ប្រតិបត្តិការដែលមានស្រាប់ និងពង្រីកតំបន់ប្រតិបត្តិការឱ្យបាន ទូលំទូលាយបន្ថែមទៀតនៅតាមបណ្តាខេត្តផ្សេងៗទៀតជាដំណាក់កាលៗនាពេលខាងមុខ ដោយបត់បែនតាមស្ថានភាពសេដ្ឋកិច្ច និងប្រព័ន្ធនៃការគ្រប់ គ្រង ដែលជាបំណងប្រាថ្នាដ៏សុចរិត ក៏ដូចជាគោលដៅរបស់គ្រឹះស្ថានយើងខ្ញុំផងដែរ។

នាប៉ុន្មានឆ្នាំចុងក្រោយនេះសម្រាប់ការបំពេញតម្រូវការអតិថិជន យើងនៅតែបន្តការយកចិត្តទុកដាក់លើការពង្រឹងប្រព័ន្ធនៃការត្រួតពិនិត្យផ្ទៃក្នុងរបស់ ខ្លួន បង្កើត និងបច្ចុប្បន្នភាពលើគោលការណ៍ និងនីតិវិធីនានា ការគ្រប់គ្រងដោះស្រាយលើឥណទានយឺតយ៉ាវ ពង្រឹងសមត្ថភាពបុគ្គលិក (តាមរយៈ ការបណ្តុះបណ្តាលខាងក្នុង និងខាងក្រៅ)  ការគ្រប់គ្រងនិងចាត់ចែងការចំណាយឱ្យមានប្រសិទ្ធភាព កែសម្រួលនូវការងារ និងរបាយការណ៍មួយចំនួន ដែលអាចយកចេញពីប្រព័ន្ធ និងការកែសម្រួលរចនាសម្ព័ន្ធក្នុងកម្រិតនាយកដ្ឋាន ដើម្បីឱ្យការប្រតិបត្តិ និងការត្រួតពិនិត្យកាន់តែមានភាពរឹងមាំ និង ប្រសិទ្ធភាពនៃការអនុវត្តស្របតាមការប្រតិបត្តិតាមច្បាប់ ឬបទប្បញ្ញត្តិដែលតម្រូវដោយធនាគារជាតិនៃកម្ពុជា និងក្រសួងពាក់ព័ន្ធ។

គ្រឹះស្ថានរបស់យើងខ្ញុំនឹងរិះរកវិធីក្នុងការផ្ដល់ជូននូវសេវាដ៏សម្បូរបែប និងប្រកបដោយភាពច្នៃប្រឌិតខ្ពស់លើដំណោះស្រាយហិរញ្ញវត្ថុថ្មីៗ ជូនចំពោះ អតិថិជនចាស់ និងថ្មីទាំងអស់។ កន្លងមកដើម្បីបំពេញតម្រូវការរបស់អតិថិជន គ្រឹះស្ថាន ហ្វូតាបា មីក្រូហិរញ្ញវត្ថុ ភីអិលស៊ី បានបង្កើតផលិតផលសេវា ហិរញ្ញវត្ថុជាច្រើនដែលរួមមាន ឥណទានអាជីវកម្ម ឥណទានកសិកម្ម ឥណទានគេហដ្ឋាន ឥណទានសម្រាប់ប្រើប្រាស់ ឥណទានបុគ្គលិក ឥណទាន សម្រាប់ការសិក្សា និងឥណទាននិយោជិត ហើយក្នុងឆ្នាំ២០២៥ បានបង្កើតផលិតផលឥណទានថ្មីមួយបន្ថែមទៀតគឺ ឥណទានយានយន្ត និងបរិក្ខារ ប្រើប្រាស់ សម្រាប់តម្រូវការ ជាក់ស្តែងរបស់អតិថិជន។ ចំពោះឥណទានបុគ្គលិក និងឥណទានសម្រាប់ការសិក្សា ត្រូវបានផ្តល់ជូនក្នុងអត្រាការប្រាក់ ទាបបំផុត ជាមួយនឹងសេវាល្អឥតខ្ចោះ ដែលមិនធ្លាប់មានក្នុងគោលដៅចូលរួមលើកស្ទួយផ្នែកសង្គម គាំទ្រជីវភាពគ្រួសាររបស់បុគ្គលិក និងអភិវឌ្ឍនូវ វិស័យធនធានមនុស្ស។ 

វិស័យធនាគារ និងហិរញ្ញវត្ថុ នៅតែមានការប្រឈម ហើយក៏បានប៉ះពាល់ដល់គ្រឹះស្ថាន ហ្វូតាបា មីក្រូហិរញ្ញវត្ថុ ភីអិលស៊ី ដោយប្រាក់ចំណេញទាប ជាងផែនការកំណត់ និងស្ថានភាពឥណទានយឺតយ៉ាវនៅតែបន្តការកើនឡើង។ ប្រព័ន្ធធនាគារនិងមីក្រូហិរញ្ញវត្ថុនៃប្រទេសកម្ពុជា នូវតែអាចគ្រប់គ្រង បាន និងបន្តការគាំទ្រពីសាធារណជន ដែលអាចធ្វើឱ្យសេដ្ឋកិច្ចក្នុងស្រុករបស់កម្ពុជានឹងវិលទៅរកភាពប្រក្រតីឡើងវិញ ដោយមុខរបរអាជីវកម្មនានា និងតម្លៃអចលនទ្រព្យអាចនឹងមានដំណើការល្អប្រសើរឡើងវិញនៅថ្ងៃខាងមុខឆាប់ៗ យើងសង្ឃឹម និងជឿជាក់ថាធនាគារជាតិនៃកម្ពុជា នឹងបន្តភាព រឹងមាំរបស់ខ្លួន ហើយចូលរួមចំណែកពីគ្រឹះស្ថានយើងខ្ញុំនឹងបន្តប្រតិបត្តិការប្រកបដោយប្រសិទ្ធភាព និងក្លាយជាមាគ៌ាសម្រាប់អ្នកជំនាន់ក្រោយកម្ពុជា ដែលសម្រេចយកភាពត្រឹមត្រូវ ស្មើគ្នា និងរក្សាឱ្យបាននូវតម្លាភាពជាមូលដ្ឋានក្នុងវិស័យសេវាហិរញ្ញវត្ថុ។ គ្រឹះស្ថាន ហ្វូតាបា មីក្រូហិរញ្ញវត្ថុ ភីអិលស៊ី បានការគាំទ្រមូលនិធិពីភាគទុនិកឯកកម្មសិទ្ធិពីប្រទេសជប៉ុន ដែលយើងខ្ញុំអាចគ្រប់គ្រង និងចាត់ចែងប្រកបដោយភាពស្ទាត់ជំនាញ និងផ្តល់សេចក្តី សម្រេចចិត្តបានយ៉ាងឆាប់រហ័ស ដើម្បីបំពេញតាមតម្រូវការអតិថិជន។ ដើម្បីឱ្យ “សុបិនក្លាយជាការពិត” ទាំងអតិថិជន និងគ្រឹះស្ថាន ហ្វូតាបា មីក្រូហិរញ្ញវត្ថុ ភីអិលស៊ី យើងខ្ញុំរីករាយស្វាគមន៍សហការក្នុងការផ្តល់សេវាហិរញ្ញវត្ថុយ៉ាងកក់ក្តៅ និងជាទីទុកចិត្តបំផុតជូនអតិថិជនទាំងអស់នូវសេវាឥណទានយ៉ាងសម្បូរ បែបគ្រប់ពេលវេលាដែលត្រូវការ។

ជាទីបញ្ចប់ ក្នុងនាមជានាយកប្រតិបត្តិ និងគណៈគ្រប់គ្រងរបស់គ្រឹះស្ថាន ហ្វូតាបា មីក្រូហិរញ្ញវត្ថុ ភីអិលស៊ី ខ្ញុំសូមគោរពថ្លែងអំណរគុណដល់អតិថិជន ភាគទុនិកជប៉ុន ក្រុមប្រឹក្សាភិបាល នាយករងប្រតិបត្តិ គណៈគ្រប់គ្រង និងបុគ្គលិកទាំងអស់  ដែលតែងតែផ្តល់ការគាំទ្រ និងការខិតខំប្រឹងប្រែងក្នុងការ អនុវត្តការងារទៅតាមការទទួលខុសត្រូវ និងផែនការយុទ្ធសាស្រ្តរបស់គ្រឹះស្ថានកន្លងមក ក៏ដូចជាធនាគារជាតិនៃកម្ពុជា និងក្រសួងពាក់ព័ន្ធដែលតែងតែ ផ្តល់នូវអនុសាសន៍ល្អៗ កិច្ចសហការ និងការគាំទ្រនានាដល់គ្រឹះស្ថានយើងខ្ញុំ។ ខ្ញុំសូមគោរពជូនពរដល់ឯកឧត្តម លោកជំទាវ លោក-លោកស្រី លោកគ្រូ- អ្នកគ្រូទាំងអស់ សូមទទួលបានជោគជ័យក្នុងភារកិច្ចការងារ សុខភាពល្អ និងជួបប្រទះនូវពុទ្ធពរ ទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពាលៈ និងទេវតាឆ្នាំថ្មីតាមថែរក្សាកុំបីឃ្លៀងឃ្លាតឡើយ។

សូមសុបិនរបស់លោកអ្នកក្លាយជាការពិត។